ក្នុងបណ្តាថ្ងៃចុងខែឧសភា ឆ្នាំ ២០២៤នេះ ពិធីបុណ្យ និងព្រឹត្តិការណ៍ដ៏ទាក់ទាញជាច្រើនកំពុងបានប្រារព្ធឡើងនៅទីក្រុង ចូវដុក និងទីរួមខេត្តទិញបៀន ដោយបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា គោរពបូជា និងទិញទំនិញយ៉ាងច្រើនកុះករ។ ឧទាហរណ៍គឺពិធីបុណ្យលោកយាយភ្នំស្វាម (ទីក្រុង ចូវដុក)។ ពិធីបុណ្យលោកយាយ បាវម៉ឺព និងផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ (ទីរួមខេត្តទិញបៀន)។
អ្នកទេសចរគោរពវិញ្ញាណក្ខន្ធក្នុងឱកាសបុណ្យលោកយាយភ្នំស្វាមជារៀងរាល់ឆ្នាំ
ពិធីបុណ្យលោកយាយភ្នំស្វាមឆ្នាំ ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤។ ពិធីបុណ្យបើកនឹងប្រព្រឹត្តទៅជាផ្លូវការនៅម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា (ត្រូវនិងថ្ងៃទី២១ ខែ៤ ច័ន្ទគតិ) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វិញដុង សង្កាត់ នុយសាម ទីក្រុង ចូវដុក។ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៩ ឧសភា នឹងប្រព្រឹត្តឡើងពិធីដង្ហែរូបសំណាកលោកយាយ និងពិធីបុណ្យតាមដងផ្លូវ។ ពិធីស្រង់ទឹកលោកយាយ ធ្វើឡើងនៅវេលាម៉ោង២៤និង០០នាទី ថ្ងៃទី៣០ ខែឧសភា (ត្រូវនិងយប់ថ្ងៃទី២៣ និងព្រឹកថ្ងៃ២៤ ខែ៤ ចន្ទគតិ) នៅវត្តលោកយាយភ្នំស្វាម។ ក្រៅពីនេះក៏មានពិធីដង្ហែព្រះអាទិទេពចេញពីទីសការបូជា ពិធីបូជាធូបជូនព្រះអាទិទេព ពិធីទូងស្គរបើកមេឃដីបង្កើតផែនដីថ្មី ពិធីបូជាយញ្ញនិង ពិធីដង្ហែព្រះអាទិទេពចូលទីសការបូជាវិញ។
ពិធីបុណ្យលោកយាយភ្នំស្វាមថ្នាក់ជាតិ គឺជាពិធីបុណ្យតែមួយគត់ដែលបង្កប់ដោយវប្បធម៌របស់អ្នកស្រុកនៅតំបន់ទន្លេភាគនិរតី រួមចំណែកផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតី រក្សាទុកនូវតម្លៃប្រវត្តិសាស្ត្ររបស់បុព្វបុរសគ្រប់ជំនាន់ក្នុងដំណើរ “រុករក” តំបន់ដីភាគនិរតីនៃមាតុភូមិ។ ឆ្នាំនេះ ពិធីបើកពិធីបុណ្យនឹងរួមបញ្ចូលជាមួយនឹងខួបលើកទី ១០ឆាំ្ន នៃពិធីបុណ្យលោកយាយភ្នំស្វាម បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ (២០១៤-២០២៤)។
ជាពិសេស ក្នុងកម្មវិធីបើកពិធីបុណ្យ នឹងមានឈុតឆាកពន្លឺជាមួយ drone (ឧបករណ៍គ្មានមនុស្សបើក)ចំនួន ៣០០គ្រឿង ចូលរួម។
ពិធីបុណ្យលោកយាយបាវម៉ឺព នៅទីរួមខេត្តទិញបៀន
នៅទីរួមខេត្តមទិញបៀន ពិធីបុណ្យលោកយាយបាវម៉ឺព លើកទី ១៧៣ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤ (ត្រូវនឹងថ្ងៃទី ១៩ ២០ និង ២១ ខែច័ន្ទគតិ)។ ពិធីបុណ្យនេះរួមមានពិធីប្រពៃណី ពិធីរដ្ឋបាល និងសកម្មភាពវប្បធម៌ សិល្បៈ កាយសម្បទា និងកីឡា។ រៀបចំតំបន់ថតរូបដោយប្រធានបទ “ខួបលោកយាយបាវម៉ឺព” ដាក់តាំងបង្ហាញ និងណែនាំរូបភាពទេសចរណ៍ទិញបៀន និងផលិតផលពិសេស OCOP របស់ទីរួមខេត្ត។
វត្តលោកយាយបាវម៉ឺព (អនុសង្កាត់សឺនដុង សង្កាត់ញ៉ាបាង) បានទទួលស្គាល់ថាជាកេរដំណែលប្រវត្តិសាស្ត្រនិងរមណីយដ្ឋានថ្នាក់ខេត្តក្នុងឆ្នាំ ២០១២។ វត្តលោកយាយបានសាងសង់ឡើងនៅចន្លោះឆ្នាំ ១៨៤៩ ដល់ឆ្នាំ ១៨៥១។ ក្នុងរយៈពេលជាង ១៧០ ឆ្នាំ កេរដំណែលលោកយាយភ្នំស្វាមបាវម៉ឺព បានថែរក្សា និងបន្សល់ទុកជាច្រើនជំនាន់ ក្លាយជាតម្លៃវប្បធម៌រូបី និងអរូបី បង្កប់ដោយអត្តសញ្ញាណជនជាតិ។ ជារៀងរាល់ឆ្នាំ ទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់មកទស្សនា និងគោរពបូជា។ជាពិសេសក្នុងថ្ងៃប្រាពឡើងពិធីបុណ្យ វត្តលោកយាយភ្នំស្វាមបាវម៉ឺព បានទាក់ទាញភ្ញៀវទេសចររាប់សិបនាក់មកពីក្នុង និងក្រៅខេត្ត។
ក៏ក្នុងឱកាសនេះផងដែរ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទិញបៀន-អានយ៉ាង ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤ នៅតំបន់ឧស្សាហកម្មស្វឺនតូ (សង្កាត់ទិញបៀន ទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង) ដោយមានតូបទំនិញប្រហែលជា ៣០០របស់ធូរកិច្ចក្នុងប្រទេសជាង ១២០ និងធុរកិច្ចមកពីខេត្តតាកែវ ខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តចំប៉ាសាក់ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)។
ផ្សារណាត់រួមមានតំបន់ ដូចជា៖ តំបន់តាំងពិព័រណ៌ណែនាំសមិទ្ធិផលសេដ្ឋកិច្ចសង្គមកិច្ច ផលិតផល OCOP ផលិតផលគំរូរបស់ទីរួមខេត្តទិញបៀន និងខេត្តអានយ៉ាង។ តំបន់ដាក់តាំងបង្ហាញផលិតផល OCOP ពិសេសរបស់ខេត្ត និងក្រុងមិត្ត។ តំបន់ដាក់តាំងបង្ហាញផលិតផលពិសេសរបស់ធុរកិច្ចមកពី ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ តំបន់ផលិតផលឧស្សាហកម្មកែច្នៃ៖ កសិផល អាហារកែច្នៃ អាហារបច្ចេកវិជ្ជា ភេសជ្ជៈ ទឹកផ្លែឈើជាដើម តំបន់ផលិតផលកសិកម្ម និងពូជរុក្ខជាតិ តំបន់គ្រឿងសង្ហារិមឈើ និងតំបន់វិចិត្រសិល្បៈ តំបន់ម្ហូបអាហារ។
ក្នុងអំឡុងពេលប្រារពឡើងផ្សារណាត់ ក៏មានសកម្មភាពដូចជា៖ កម្មវិធីណែនាំផលិតផលថ្មី កម្មវិធីបញ្ចុះតម្លៃរបស់ធុរកិច្ច។ កម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចក្នុងនិងក្រៅប្រទេស។កម្មវិធីសម្តែងតន្ត្រីនាពេលរាត្រី ដោយមានការចូលរួមផ្លាស់វេនរបស់សិល្បករមកពីទីក្រុងហូជីមិញ៕
ប្រែ៖ ណារីពៅ